ក្រសួងសុខាភិបាលនាព្រឹកនេះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន២៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន។ ជាមួយគ្នានេះ ក្រសួងបានរកឃើញអ្នកជំងឺ៣នាក់ជាករណីបំប្លែងថ្មី។
“ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” កេីនដល់ ៩៩នាក់ – អ្នកឆ្លងសរុប ៥៩៣នាក់ – អ្នកសម្រាកព្យាបាល ១១៦នាក់
អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣នាក់ មានចិន២១នាក់ និងខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ មានដូចជា តាមសណ្ឋាគារ, មូលដ្ឋានខណ្ឌបឹងកេងកង បឹងព្រលឹត និងកោះពេជ្រ ជាដើម។ រីឯស្ត្រីខ្មែរអាយុ២០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២១នាក់ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ប៉ុន្តែអ្នកជំងឺ២នាក់ទៀត មានស្ត្រីខ្មែរអាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាលដោយមានកូនតូចនៅជាមួយ រីឯបុរសចិនអាយុ២៣ឆ្នាំ មិនអាចទាក់ទងបាន។
២ករណីទៀត លើកងទ័ពមួកខៀវកម្ពុជា ដែលជាបុរសអាយុ ៣៥ឆ្នាំ និង៤០ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសអាហ្វ្រិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី២១កុម្ភៈ។ អ្នកទាំង២ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។