ឃាត់ខ្លួនបុរសម្នាក់ ដែលអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម ស៊ីដាច់លុយគេជាច្រើនរឿងរត់ការផ្សេងៗ... - ThmeyLoad

ឃាត់ខ្លួនបុរសម្នាក់ ដែលអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម ស៊ីដាច់លុយគេជាច្រើនរឿងរត់ការផ្សេងៗ…

យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីឆបោក ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ។

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា​ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ២.ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំ នៅក្រុងប៉ោយប៉ែត បានប្តឹងចោទប្រកាន់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំ​បូងខេត្តបន្ទាយមានជ័យ ដើម្បីឃាត់ខ្លួនជនសង្ស័យឈ្មោះ នី ឆេងឡេង នេះមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នី ឆេងឡេង បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយចាប់តាំងពីពេលនោះមក រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដោយរូបគេអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន២,៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើផ្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់១,៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន១,២៥០ដុល្លារ ហើយរូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះមិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេបានប្រាក់ទាំងនោះមកទុកខ្លួនឯងទាំងអស់ ។

លោកវរសេនីយ៍ឯក​ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ដោយផ្អែកតាមការបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ នី ឆេងឡេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕