ក្មេងអាយុ ៤ឆ្នាំម្នាក់ បៀមគម្របប៊ិកលេង ស្រាប់តែខក់ចូលទងសួត ស្ទះដង្ហើមប៊ិះនឹងបាត់បង់ជីវិត

ក្មេងប្រុសតូចអាយុ៤ឆ្នាំម្នាក់ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានរងគ្រោះ ស្ទះដង្ហើមដោយសារឈ្លក់ខក់គម្របប៊ិក ចូលក្នុងទងសួត បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាទាន់ពេលវេលា ពុំនោះទេកុមារាម្នាក់នេះពិតជាស្ទះដង្ហើមស្លាប់ហើយ ។ នេះតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Dr. Beat Richner នាថ្ងៃទី១៦ កញ្ញា ២០២១នេះ។

ប្រភពដដែលបានបន្តថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់បំផុតសង្រ្គោះជីវិតកុមារារងគ្រោះ បានដោយជោគជ័យ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

សូមមាតាបិតា និងអាណាព្យបាលគ្រប់រូប ចាំបាច់ត្រូវតែប្រយ័ត្នចំពោះកូនតូចៗរបស់អ្នកគ្រប់ពេល បើមិនបានប្រុងប្រយ័ត្នខ្ពស់ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ហើយក្រោយកើតហេតុបានបន្សល់ការឈឺចាប់ជាពន់ពេកសម្រាប់ឪពុកម្ដាយ។ ជាពិសេសនៅវ័យដែលក្មេងចេះវារ គឺជាពេលវេលាមួយដែលមាតាបិតាគួប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ៕