កុមារី​ម្នាក់​​ស្លាប់​ ខណៈ​ដើរ​ចេញពី​សាលារៀន​ឆ្លងផ្លូវ ត្រូវយុវជន​ម្នាក់​បើក​ម៉ូតូ​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ​បុកពេញទំហឹង

​បន្ទាយ​មាន​ជ័យ​ ៖​ កុមារី​ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ ក្រោយមក​បាន​ស្លាប់​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ខេត្តសៀមរាប​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ មុខ​សាលា​បឋម​សិក្សា​ពង្រ​ ស្ថិត​ក្នុងភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ទោ​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​៖​កុមារី​រង​គ្រោះ​ឈ្មោះ​ បូ​ ជីតា​ អាយុ​៧​ឆ្នាំ​ រស់នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់​ ស្វាយ​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​អ្នកបើកបរ​ម៉ូតូ​ ឈ្មោះ​ ស​ន្តូ​ សា​លឹ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បើក​ម៉ូតូ​ម៉ាក​ហុងដា​ MSX​ ពណ៌​ខៀវផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​ 1T-2916​ ។​

​លោកនាយ​ការិយាល័យ​ បាន​បញ្ជាក់​ថា​៖​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​កុមារី​រង​គ្រោះ​ចេញ​ ពី​សាលារៀន​ ហើយ​បាន​ដើរ​ឆ្លងផ្លូវ​ ស្រប​ពេល​នោះ​ អ្នកបើកបរ​ម៉ូតូ​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ ពេល​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ពង្រ​ បាន​បុក​ក្មេង​ស្រី​ជា​សិស្សសាលា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ខេត្តសៀមរាប​ តែ​ជា​អកុសល​កុមារី​រង​គ្រោះ​បាន​ដាច់​ខ្ស​ល់​ស្លាប់​ ។​ អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​ មនុស្ស​និង​ម៉ូតូ​នគរ​ បាល​ចរាចរណ៍​ខេត្ត​នាំ​មក​ការិយាល័យ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​សិស្សសាលា​នេះ​ដែរ​ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ​ បាន​លើក​ឡើង​ថា​៖​ លោកនាយ​ប៉ុស្តិ៍​កំពុងស្វាយ​ ក៏​ដូច​ជា​អធិការ​នគរបាល​នគរបាល​ក្រុង​សិរី​សោភ័ណ​ គួរ​ណាស់​តែ​យកចិត្តទុកដាក់​ចាត់​កម្លាំង​ជួយ​សម្រួល​ចរាចរណ៍​ ពេល​សិស្ស​ចេញពី​សាលារៀន​ពង្រ​នេះ​ផង​ ដូច​ជា​នៅ​តាម​បណ្តាល​សាលារៀន​ផ្សេងៗ​នៅ​ពេល​សិស្ស​ចេញពី​សាលារៀន​ នគរបាល​ចរាចរណ៍​ឬ​នគរបាល​ប៉ុស្តិ៍​មក​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​សិស្សសាលា​ ពី​សេស​គឺ​សិស្សសាលា​តូចៗ​ ។​ នៅ​សាលា​បឋម​សិក្សា​ពង្រ​នេះ​ មិន​ដែល​ឃើញ​នគរបាល​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍​នៅ​ពេល​សិស្ស​ចេញពី​សាលា​នោះ​ឡើយ​ ៕


ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ