សៀមរាប ៖ ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៤ និង៣០នាទីមានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ទិញអេតចាយ ស្ថិតនៅក្រុមទី៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា : មានករណីប្រជាពលរដ្ឋរស់នៅជិតកន្លែងទិញអេតចាយឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ៤១ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នៅកន្លែងកើតហេតុ ហើយក៏ឆេះរាលដាលដល់កន្លែងអេតចាយតែម្ដង។
ម្ចាស់ផ្ទះឈ្មោះ លឿង ប៊ុនចូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងការខូចខាត ឆេះគំនរកំទេចជ័រសំបកទូរទស្សន៍អេតចាយ ដែលស្តុកទុកនៅខាងក្រោយដែលមានតម្លៃប្រហែលជាង ៣,០០០,០០០រៀល តែមិនមានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ ។
លោកវរសេនីយ៍ឯកស្នងការរងបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងប្រើទឹកអស់ចំនួន ០៣ឡាន គឺរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន និងរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង១៥ និង០៣នាទី ថ្ងៃខែឆ្នាំដដែល ៕